មន្ទីរអប់រំយុវជន និងកិឡាខេត្ត៖ រៀបចំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ខេត្ត ក្រោមប្រធានបទ “នវានុវត្តន៍ផ្នែកឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូវេហាស៍ (www.newsveha.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

មន្ទីរអប់រំយុវជន និងកិឡាខេត្ត៖ រៀបចំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ខេត្ត ក្រោមប្រធានបទ “នវានុវត្តន៍ផ្នែកឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”

(កំពង់ធំ) ៖ មន្ទីរអប់រំយុវជននិងកិឡាខេត្តកំពង់ធំរៀបចំកម្មវិធីជជែកដេញដោល ថ្នាក់ខេត្តក្រោមប្រធាន បទ៖“នវានុវត្តន៍ផ្នែកឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្តោតលើចំនុចសំខាន់ៗចំនួន៤ ÷
១. ការមិនគោរពច្បាប់ចរាចរណ៍គឺជាកត្តាចម្បងដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍
២. យុវជនដើរតួនាទីចម្បងក្នុងការកាត់បន្ថយបញ្ហាប្រឈមពីការផឹកគ្រឿងស្រវឹង
៣. ទម្លាប់អំណានគឺជាកត្តាចម្បងដែលនាំឲ្យការសិក្សាទទួលបានជោគជ័យ
៤. បណ្ដាញទំនាក់ទំនងសង្គមគឺជាឃ្លាំងចំណេះដឹងយ៉ាងសំខាន់សម្រាប់យុវជន

លោក អ៊ឹម វណ្ណី អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានលើកឡើងថាកម្មវិធីនេះ ជាកម្មវិធីមួយ ក្នុងគោលបំណងលើកកំពស់ដល់យុវជន ទាំងអស់ទទួលបាននូវភាពកក់ក្តៅ ព្រមទាំង មានទំនុកចិត្ត យ៉ាងមុតមាំ ចំពោះការខិតខំប្រតិបត្តិក្នុងភាពជាដៃគូរបស់យុវជន  ដែលជាកម្លាំងចលករ  ដ៏សំខាន់និងជាធនធានគន្លឹះ ក្នុងការ អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ហើយក៏ជាការរំលឹក ខួបលើកទី ២៥ ទិវាអន្តជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៤។ លោកបានបន្ថែមទៀតថាការអភិវឌ្ឍជាតិ មានទំនាក់ទំនងយ៉ាងសំខាន់ជាមួយនឹងការអភិវឌ្ឍយុវជន ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងអក្ខរកម្មឌីជីថល។ ការបំពាក់ជំនាញសតវត្សរ៍ទី ២១ និងជំនាញឌីជីថលអនុញ្ញាតឱ្យយុវជនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ឱកាស ទីផ្សារការងារ មុខរបរ និងការដឹកនាំ ទាំងពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្ថម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា យុវជនជាសសរទ្រូងរបស់ប្រទេសជាតិនៅថ្ងៃអនាគត យុវជនជាកម្លាំងបន្តវេនប្រកបដោយសក្ដានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងយុវជនជាអ្នកថែរក្សាការពាររាល់សមិទ្ធផលសង្គមជាតិ។ សមត្ថភាព ការច្នៃប្រឌិត ការចូលរួម និងភាពរឹងមាំរបស់យុវជនកម្ពុជា តំណាងឱ្យអនាគតដ៏រុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាការពិតណាស់ប្រទេសជាតិយើងសព្វថ្ងៃ គឺមានសន្ដិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានភាពស៊ីចង្វាក់ ផ្នែក ទាំងចំណេះដឹង ចំណេះធ្វើ សុខុមាលភាព  កាយសម្បទា សីលធម៌ និងការរស់នៅថ្លៃថ្នូរ ចៀសផុតពីអំពើអបាយមុខ អសីលធម៌ និងអំពើហិង្សាផ្សេងៗ។ ឯកឧត្តមបានរំលេចឡើង នូវគោលបំណងសំខាន់ៗ៨ចំនុចក្នុងកម្មវិធីជជែកដេញដោលនេះ ៖

•  បណ្តុះបណ្តាលយុវជនខេត្តកំពង់ធំ ឱ្យក្លាយជាពលរដ្ឋសកល
•  បណ្តុះបណ្តាលយុវជន ឱ្យចេះប្រើប្រាស់នូវវប្បធម៌សន្ទនាតាមរយៈការជជែកដេញដោល។
•  បណ្តុះសមត្ថភាពយុវជនក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលពួកគេជួបប្រទះតាមរយៈការសន្ទនា។
•  កសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហាន ចេះប្រើប្រាស់សិទ្ធិស្របច្បាប់ប្រកបដោយភាពឈ្លាសវៃក្នុងការបញ្ចេញមតិដើម្បីទទួលបាននូវផ្លែផ្កាជាវិជ្ជមានជូនសង្គម។
•  ពង្រឹងជំនាញនៃការត្រិះរិះពិចារណា ការសិក្សាស្រាវជ្រាវ ការចែករំលែកគំនិត ការទាក់ទាញការគាំទ្រ ជំនាញក្នុងការនិយាយសាធារណៈជាដើម។
•  ផ្ដល់ឱកាសឱ្យយុវជន ពិចារណា បញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈក្នុងការជជែកដេញដោលក្នុងសមរភូមិ គំនិតនៃសង្គមពុទ្ធិ ដើម្បីស្វែងរកនូវសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា។
•  បង្កើនបណ្តាញទំនាក់ទំនង ភាពស្និតស្នាល ល្អរវាងយុវជននិងយុវជន ដើម្បី ផ្លាស់ប្ដូរបទពិសោធគ្នាក្នុងតម្លៃជាមិត្តភាព។
•  ពង្រីកធនធានយុវជន ដើម្បីអាចអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សសម្រាប់ ជាតិកម្ពុជា។

លើសពីនេះកម្មវិធីជជែកដេញដោលនេះនឹងនាំមកនូវជោគជ័យមួយចំនួនដូចជា៖
•  ពន្លកយុវជន យុវនារីខ្មែរមានភាពក្លាហានក្នុងការគិត និងបញ្ចេញមតិប្រកប ដោយក្រមសីលធម៌ និងចំណេះដឹងពិតប្រាកដ។
•  យុវជន និងយុវនារីបន្តវេននឹងមានសមត្ថភាពក្នុងការជជែកដេញដោលដោយ សន្តិសហវិជ្ជមាន។
•  ថ្នាលយុវជន និងយុវនារីយើងកាន់តែរឹងមាំ មានភាពចាស់ទុំនៃគំនិត ចេះគិត ហ្មត់ចត់។
•  យុវជន និងយុវនារីដែលជាគ្រាប់ពូជនៃសង្គមជាតិ នឹងខំអភិវឌ្ឍខ្លួនឱ្យក្លាយជា ធនធានបញ្ញវន្តជាតិ។
•  យុវជន និងយុវនារីជំនាន់ថ្មី នឹងនាំមកនូវគំនិតល្អៗដើម្បីចូលរួមអភិវឌ្ឍជាតិ ទាំងអស់គ្នា។
•  យុវជន និងយុវនារីសម័យឌីជីថល នឹងបង្កើតបាននូវទំនាក់ទំនងល្អក្នុងសង្គម មានសាមគ្គីភាព និងអាច ប្រកួតប្រជែងជាមួយយុវជន យុវនារីក្នុងតំបន់និង សាកលលោកក្នុងពេលអនាគត ។

សូមបញ្ជាក់ថាការប្រកួតនេះមាន៤ក្រុមហើយលទ្ធផលដែលទទួលបានគឺ ÷

១. វិវិទ្យាល័យទួលក្បិល ប្រកួតជាមួយវិទ្យាល័យហ៊ុនសែនត្បែង ជ័យជំនះបានទៅលើ វិទ្យាល័យទួលក្បិល
២. ក្រុមសសយកខេត្ត ប្រកួតជាមួយ វវិទ្យាល័យហ៊ុនសែនបល្ល័ង្គ ជ័យជំនះបានទៅលើ ក្រុមសសយកខេត្ត
៣. វិទ្យាល័យជាស៊ីមប្រឡាយ ប្រកួតជាមួយ វិទ្យាល័យហ៊ុនសែនរុងរឿង ជ័យជំនះបានទៅលើវិទ្យាល័យជាស៊ីមប្រឡាយ
៤. វិទ្យាល័យទ្រាល ប្រកួតជាមួយសាលារៀន សុវណ្ណភូមិ ជ័យជំនះបានទៅលើវិទ្យាល័យទ្រាល
សម្រាប់ក្រុមដែលទទួលបានជ័យជម្នះត្រូវចាប់វិញ្ញាសាថ្មីមួយសម្រាប់ត្រៀមត្រកួតនៅវគ្គបន្ទាប់។(អត្ថបទសោមពិសី-ពិនិត្យដោយអ៊ុមញឹប)។

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Newsveha - Web Design by Phoeun