(កំពង់ធំ) លោក កែវ ធូ តំណាងក្រុមហ៊ុនរ៉ែមាសជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន ឯ.ក និងលោក ប្រាក់ មិន មេឃុំសុចិត្រ លោកវរៈសេនីយ៍ត្រី ពុំ វិជ្ជា នាយប៉ុស្តិ៍នគរបាល ព្រមទាំងមន្ត្រីរដ្ឋបាលឃុំសុចិត្រ ស្រុកសណ្ដាន់ ជាច្រើនទៀតកាលពីថ្ងៃទី ១៦-១៧ ខែ តុលា ឆ្នាំ ២០២៤ បានចុះសួរសុខទុក្ខ និងផ្ដល់អំណោយស្បៀង ជូនប្រជាពលរដ្ឋមាន ជីវភាពខ្វះខាតចំនួន ៦០ខ្នងផ្ទះ រស់នៅតំបន់អូរផ្អាវ តំបន់រលួសនិងស្នងអន ក្នុងភូមិស្រែព្រីងនិងភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្ត កំពង់ធំ។
ក្នុងឱកាសចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដែលធ្វើឡើង តាមសំណើនិងសំណូមពររបស់អាជ្ញាធរមូលដ្ឋានឃុំខាងលើនេះ លោក កែវ ធូ តំណាងក្រុមហ៊ុនរ៉ែមាសជាំងស៊ាម៉ាញនីង អេនើ ឌីវេឡុបមុិន ឯ.ក
បានពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋនិងធ្វើអ្វីៗ គឺដើម្បីប្រជាជន ។
ទន្ទឹមនេះដែរលោក កែវ ធូ បានផ្ដាំផ្ញើដល់គ្រួសារបងប្អូន ប្រជាពលរដ្ឋទាំងអស់សូម យកចិត្តទុកដាក់ថែរក្សា សុខភាពឱ្យបានល្អ រស់នៅស្អាត បរិភោគស្អាតដើម្បីជៀសវាងផុត ពីជំងឺផ្សេងៗ ហើយ លោក កែវ ធូ បានបញ្ជាក់ថាក្រុមហ៊ុន ជាំងស៊ាម៉ាញនីង អេនើជី ឌីវេឡុបមុិន ឯ.កនៅតែបន្តយកចិត្តទុកដាក់ផ្តល់អំណោយស្បៀងជូនដល់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាព ខ្វះខាតជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា អំណោយស្បៀងរបស់ក្រុមហ៊ុនរ៉ែមាសជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន ឯ.ក បានផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ៦០គ្រួសារ ក្នុងមួយគ្រួសារទទួបាន អង្ករ២០ គីឡូក្រាម មីមួយកេះ ទឹកស៊ីអ៊ីវ ទឹកត្រី ប្រេងឆានិង ថវិកាមួយចំនួនផងដែរ ។