អភិបាលរងខេត្តកំពង់ធំ ប្រគល់សម្លៀកបំពាក់ និងសារ៉ុង ជូនប្រជាការពារ១០៨នាក់ នៅស្រុកសណ្តាន់
(កំពង់ធំ)÷ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងារចុះមូលដ្ឋាននឃុំមានរិទ្ធិ និងក្រុមការងារបាននាំយកសម្លៀកបំពាក់ និងសារ៉ុង ជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាការពារ និងអាជ្ញាធរមូលដ្ឋានក្នុងរដូវបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ស្ថិតនៅឃុំមានរិទ្ឋិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥។
លោក ស្រី សៀក មេឃុំមានរិទ្ឋិ បានធ្វើរបាយការណ៍ស្វាគមន៍ ស្ដីពីស្ថាន ភាពទូទៅនៅក្នុងឃុំ ពិសេសលទ្ធផលនៃការ អនុវត្តគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលកន្លងមកនេះឃុំមានរិទ្ឋិអនុវត្តបានជោគជ័យតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច។ រដ្ឋបាលឃុំបានសហការជាមួយអង្គការដៃគូបង្កើតសហគមន៍ព្រៃឈើ ធនធានធម្មជាតិ សហគមន៍នេសាទ និងសហគមន៍អេកូទេសចរណ៍ ដើម្បីថែរក្សានិរន្តរភាពបរិស្ថានក្នុងឃុំ សម្រាប់បងប្អូនប្រជាពលរដ្ឋទទួលផលពីអនុផលព្រៃឈើ។
ឯកឧត្តម អ៊ុន បុត្ត បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងប្រជាការពារ ដែលបានខិតខំបំពេញភារកិច្ចក្នុងការបម្រើប្រជាជន និងរក្សាបាននូវសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អនៅទូទាំងឃុំ ធ្វើឱ្យប្រជាជនយើងមានភាពកក់ក្តៅ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិយើងឱ្យមានការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានអំពាវនាវដល់អាជ្ញាធរដែនដី រួមជាមួយប្រជាការពារ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានជោគជ័យបន្ថែមទៀត នូវគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ហើយត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត។ សម្រាប់បងប្អូនប្រជាការពារនៅក្នុងមូលដ្ឋាន បានយកចិត្តទុកដាក់បំពេញតួនាទី/កិច្ចរបស់ខ្លួន នៅក្នុងកម្មវិធីផ្សេងៗ ពិសេសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ បានរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ឱ្យមានសុវត្ថិភាពនៅក្នុងកម្មវិធីនោះផងដែរ។
គួរបព្ញាក់ផងដែរថា ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងារចុះមូលដ្ឋាននឃុំមានរិទ្ធិ និងក្រុមកាងារ បានប្រគល់សំលៀកបំពាក់និងសារុ៉ង ជូនដល់ប្រជាការពារ១០៨នាក់ ក្នុង១នាក់ទទួលបាន÷សម្លៀកបំពាក់០១កំផ្លេ និងសារ៉ុង០១ រដ្ឋបាលឃុំទទួលបានសារ៉ុង១នាក់០១ និងក្រុមយុវជនបានទទួលសារ៉ុង១នាក់១ផងដែរ។